ជ្រើសរើសភាសា: Khmer Khmer English English
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លត្រូវបានប្រារព្ធធ្វើឡើងនៅខេត្តកំពង់ធំក្រោមព្រះរាជាធិបតី ព្រះករុណាព្រះបាទសម្តេចព្រះបុរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៨ ខែឧសភា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកំពង់ធំបានសហការណ៍ជាមួយគណៈកម្មការ រៀបចំបុណ្យជាតិ និងក្រសួងព្រះបរមរាជវាំង បានប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅទីលានវាលព្រះស្រែក្នុងពហុកីឡាដ្ឋានខេត្តកំពង់ធំក្រោមការស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ​ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នេះ។


ក្នុងនោះផងដែរ យាង និងអញ្ជើញដង្ហែរព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ​ដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាវេលាប្រកបដោយមហានក្ខត្តឬក្សនោះដែររួមមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រះញាតិវង្សានុវង្ស ឥស្សរជនជាថ្នាក់ដឹកនាំស្ថាប័នសភា រាជរដ្ឋាភិបាល និងតុលាការ ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង អង្គទូតនានាប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ត្រូវបានចាត់តាំងជា ស្ដេចមាឃ ដើម្បីប្រារព្ធកិច្ចច្រត់ព្រះនង្គ័លនៅលើទីព្រះស្រែមុខព្រះពន្លាជ័យក្រោមអធិបតីនៃអង្គព្រះមហាមហាក្សត្រ ដោយមានលោកជំទាវជាអ្នកកាន់តួនាទី មេហួ ដើរដង្ហែពីក្រោយប្រារព្ធកិច្ចសាបព្រោះគ្រាប់ពូជស្រូវ និងពូជដំណាំនានា ទៅតាមព្រះរាជបវេណីនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គលដូចបានប្រារព្ធតាំងពីបុរាណកាលតរៀងមក។

សូមបញ្ជាក់ថាព្រះ រាជពិធីបុណ្យច្រត់ព្រះនង្គ័ល បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុង ខែពិសាខ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជានិមិត្តរូប នៃការចាប់ផ្ដើមប្រកាសរដូវកាលធ្វើស្រែ ចម្ការ និង ដាំ ណាំ ផ្សេងៗ របស់ប្រជាកសិករ។ នៅក្នុងពិធីនេះដែរ ការផ្សងប្រផ្នូលគោ ឧសភរាជ បង្ហាញថាស្រូវ ពោត សណ្ដែកនឹងមានផលល្អ។ ព្រះរាជពិធីនេះ បានខកខានប្រារព្ធ៣ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូដវីដ-១៩។ ខេត្តកំពង់ធំ មានភូមិសាស្ត្រជាប់បឹងទន្លេសាប និងព្រៃឡង់ដ៏ធំ និងស្ថិតចំកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា ៕

ព័ត៌មានទាក់ទង